ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាល និងបច្ចេកទេសរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រចាំខែកញ្ញា និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តខែតុលា ឆ្នាំ២០២៥
រាជធានីភំ្នពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាល និងបច្ចេកទេសប្រចាំខែកញ្ញា និងផ្សព្វផ្សាយទិសដៅការងារអនុវត្ត បន្តខែតុលា ឆ្នាំ២០២៥ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ លោកនាយការិយាល័យទាំង១១ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប ស្តីពីការបូកសរុបលទ្ធផលការងាររដ្ឋបាល និងបច្ចេកទេស ប្រចាំខែកញ្ញា និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តខែតុលា ឆ្នាំ២០២៥ ដែលអានដោយលោកវរសេនីយ៍ត្រី ឌុច វ៉ាន់ឌី នាយរងការិយាល័យរដ្ឋបាល-សរុប និងការលើកឡើងពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពររបស់លោកនាយការិយាល័យទាំង ១១រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងនូវការកោតសរសើរដល់មន្រ្តីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការិយាល័យទាំង១១ ដែលមានការសាមគ្គីភាពផ្ទៃក្នុង អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន អនុវត្តតាមគោលការណ៍ តាមបញ្ជាថ្នាក់ដឹកនាំបានយ៉ាងខ្ចាប់ខ្ជួន និងគោរពតាមវិន័យនគរបាលជាតិកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ថ្នាក់ដឹកនាំការិយាល័យទាំង១១ និងមន្រ្តីគ្រប់ជំនាញ ដែលបានរួមគ្នាសហការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងស្មារតីទទួលខុសត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។
ឯកឧត្តមអគ្គស្នងការរង បានណែនាំដល់មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ពិសេសជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបគ្រឿងញៀនឆ្លងកាត់ព្រំដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕





















