សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការចុះរឹបអូសផ្ទះស្រ្តីម្នាក់នៅខណ្ឌជ្រោយចង្វារ ដែលនាំឲ្យផ្ទុះការចែកចាយយ៉ាងខ្លាំងនៅលើបណ្តាញសង្គម, ប្រធានតុលាការបញ្ជាឲ្យផ្អាកការអនុវត្ត និងឲ្យពិនិត្យឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការចុះរឹបអូសផ្ទះស្រ្តីម្នាក់នៅខណ្ឌជ្រោយចង្វារ ដែលនាំឲ្យផ្ទុះការចែកចាយយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ខណៈប្រធានតុលាការបញ្ជាឲ្យផ្អាកការអនុវត្ត និងឲ្យពិនិត្យឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា។
ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកឈ្មោះ ជីវិតកៅ សុខណា កំសត់គេយកដីផ្ទះ, គណនីហ្វេសប៊ុកឈ្មោះ Sothea Kong, Thoeun Sharing បានផ្សព្វផ្សាយ និងឡាយផ្ទាល់ពាក់ព័ន្ធនឹងការចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ១០៤ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសំណុំរឿងអនុវត្តលេខ២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានខ្លឹមសារសម្រេច បង្គាប់ឱ្យឈ្មោះ កៅ ចាន់ធី, ផូរ វីន និង កៅ សុគង់ អាសយដ្ឋាននៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាកូនបំណុលនៃការអនុវត្តប្រគល់អចលនវត្ថុដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១២១១០២០៥-០០៦០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅឈ្មោះ ហ៊ី សៀងលី ជាភាគីអ្នកដេញថ្លៃបានតាមផ្លូវតុលាការ។
ជុំវិញករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ ដែលមានទីតាំងនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅអ្នកទិញឈ្មោះ ហ៊ី សៀងលី តាមរយៈការទិញក្នុងសំណុំរឿងអនុវត្តដោយបង្ខំរបស់តុលាការ ដោយយោងតាមសាលក្រមស្ថាពរលេខ ៥៨៣ ‹រ› ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្គាប់ឱ្យឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ផូរ រីន (កូនប្រសារ) សងប្រាក់ដើមចំនួន ៩៥ ២៩៨,៩៤ ដុល្លារអាម៉េរិក រួមទាំងការប្រាក់ចំនួន១១% និងប្រាក់ពិន័យ២៤% ឱ្យទៅម្ចាស់បំណុលជាធនាគារ។
បើតាមអ្នកនាំពាក្យសាលាដំបូង ក្នុងរឿងនេះ ផ្តើមចេញពីឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ផូរ រីន (កូនប្រសារ) បានខ្ចីប្រាក់ពីធនាគារ ដោយយកបណ្ណដីដែលមានឈ្មោះកម្មសិទ្ធិ កៅ សុខគង់ (ម្តាយ) និងឪពុកឈ្មោះ អ៊ុំ សុវណ្ណ (ស្លាប់) ជាទ្រព្យរួមប្តីប្រពន្ធ និងទាយាទខ្មោច អ៊ុំ សុវណ្ណ ដាក់ធានាបំណុលជាមួយធនាគារ។នៅក្នុងចំណាត់ការសំណុំរឿងអនុវត្តដោយបង្ខំ ក៏ដូចជានៅថ្ងៃដែលអាជ្ញាសាលាបានចុះអនុវត្តនោះ ក៏មានឈ្មោះ កៅ សុខណា ធ្វើការជំទាស់រារាំង និងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះ ដោយគាត់បានអះអាងថា គាត់ត្រូវជាកូនរបស់ខ្មោចឪពុកឈ្មោះ អ៊ុំ សុវណ្ណ ជាមួយម្ដាយឈ្មោះ កៅ សុគង់ ហើយបាន និងកំពុងកាន់កាប់ ដោយបានសង់តូបនៅលើដីមួយចំណែកដែលត្រូវរឹបអូសនេះ ដោយគាត់បានធ្វើការតវ៉ាថា គាត់មានចំណែកកម្មសិទ្ធិមត៌កលើដីបន្ត ពីខ្មោចឪពុក ដែលដីនេះត្រូវបានម្តាយ និងបងស្រីលួចលាក់យកទៅដាក់ធានាបំណុលជាមួយធនាគារ ដោយមិនឱ្យខ្លួនដឹង។
ចំពោះការអះអាងជាមត៌ក កន្លងមក សាលាដំបូងរាជធានីភ្នំពេញ មិនដែលបានទទួលបណ្ដឹងដោះស្រាយពីការទាមទារបែងចែកមត៌ក ពីភាគីអ្នកតវ៉ានោះទេ។បន្ទាប់ពីបានដឹងពីចំណាត់ការអនុវត្តសំណុំរឿងនេះ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាសាលាផ្អាកការអនុវត្តរួចហើយ ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែលសិន និងបានយកចិត្តទុកដាក់ពិនិត្យ ចំណាត់ការសំណុំរឿងបន្ត ដើម្បីផ្ដល់យុត្តិធម៌ជូនអ្នកតវ៉ា និងភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់៕


