៣ ថ្ងៃនៅខេត្តព្រះវិហារ បុណ្យភូមិមានជើង នាំប្រជាជនជាង ១មុីននាក់ ក្រាលកន្ទេលមើលល្ខោន របាំ លេងល្បែងប្រជាប្រិយ និង កុមារៗចូលរួមជាមួយសកម្មភាពអប់រំជាច្រើន
រយ:ពេល ៣ថ្ងៃ នៃមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានបញ្ចប់ទៅយ៉ាងរលូនដោយមានវត្តមានអ្នកស្រុកបុណ្យភូមិចូលរួមលេងកម្សាន្តរហូតដល់ទៅជាង១មុីននាក់។
បុណ្យភូមិមានជើង បានប្រារព្វឡើងនៅខេត្តព្រះវិហារ មិនត្រឹមតែផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដែលជាតំបន់មរតកវប្បធម៌ និង ជាទឹកដីចំណាស់នោះឡើយ យើងក៏ចង់ផ្តោតសំខាន់លើការយកចិត្តទុកដាក់ទៅលើកុមារដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍន៍ និង សិទ្ធិនៅក្នុងការបញ្ចេញមតិស្មើៗគ្នា។
លោក សាកល កិត្យា សហស្ថាបនិកមួយរូប និង ជាអ្នកដឹកនាំមហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំនេះ បានឱ្យដឹងថា៖ «មហោស្រពសិល្បៈបុណ្យភូមិមានជើង ខេត្តព្រះវិហារ គឺពិតជាទទួលបានភាពកក់ក្តៅ និង ស្នាមញញឹមពីប្រជាជន កុមារៗនៅទីនោះ។» ក្នុងនោះ សម្រាប់អ្នករៀបចំកម្មវិធី សិល្បករ សិល្បការនី និង ឡេឡេប្រាង្គ ទាំងអស់ពិតជាមានតួនាទីសំខាន់ ក្នុងការពាំនាំនូវសិល្បៈបុរាណខ្មែរ សកម្មភាពអប់រំ ចែករំលែកជូនដល់
បងប្អូនប្រជាពលរដ្ឋ យុវជន និងកុមារនៅខេត្តព្រះវិហារ ដែលជាឱសថព្យាបាលផ្លូវចិត្តដ៏ពិតប្រាកដ ដើម្បីបន្ធូរបន្ថយភាពតានតឹង នាំមកនូវកម្លាំងចិត្ត និងក្តីសង្ឃឹមឡើងវិញ
។ ទន្ទឹមនឹងគ្នានេះ យើងក៏បានពាំនាំសិល្បៈដ៏សម្បូរបែប សិល្បៈក្នុងស្រុក មកបង្ហាញលើវេទិកាមហោស្រពសិល្បៈបុណ្យភូមិមានជើង ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នករស់នៅក្នុងទីក្រុង និង អ្នករស់នៅខេត្តព្រះវិហារ។
បន្ថែមពីនោះ លោក សាកល កិត្យា បានជម្រាបថា៖ «មួយវិញទៀតកម្មវិធី គឺរៀបចំឡើងជាពិសេស ដើម្បីចូលរួមអបអរសាទរទិវាកុមារពិភពលោកឆ្នាំ ២០២៥ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ
» ហើយក្នុងនោះខេត្តព្រះវិហារ ពិតជាសម្បូរដោយកុមារៗមានទេពកោសល្យ សមត្ថភាពសុទ្ធសឹងតែជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ។
គួរជម្រាបថា បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានធ្វើឡើងរយ:ពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការរៀបចំដោយ ភ្លើងគប់ និង បុណ្យភូមិ សហការរៀបចំដោយ UNICEF Cambodia - ដើម្បីកុមារគ្រប់រូប
គាំទ្រដោយ៖ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear រដ្ឋបាលខេត្តព្រះវិហារ និង World Vision Cambodia
នៅក្នុងបរិយាកាសថ្មីនាទឹកដីខេត្តព្រះវិហារ ជាពិសេស តំបន់ប្រាសាទកោះកេរ ក្នុងនោះមានប្រាសាទប្រាង្គ «ប្រាសាទធំ»។
បុណ្យភូមិមានជើង សង្ឃឹមថានឹងបន្តបេសកម្ម ដើម្បីផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ ទេសចរណ៍ និងការអប់រំ តាមបណ្តាខេត្តផ្សេងៗទៀត៕









