បទវិភាគ៖ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងចារទំព័រថ្មី កាលានុវត្តភាពចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក
តាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ៨ ខែធ្នូ បង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនក្នុងរយៈពេល ១១ ខែដើមនៃឆ្នាំ ២០២៥ គឺ មានចំនួន ៤១,២១ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៣,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងនោះ ទំហំនាំចេញនាំចូលទំនិញសរុបនៅខែវិច្ឆិកាឆ្នាំនេះបានកើនឡើង៤.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលបានរក្សាកំណើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនក្នុងរយៈពេល១០ ខែជាប់ៗគ្នា ។ ក្នុងបរិបទដែលការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងចលករមិនគ្រប់គ្រាន់ រចនាសម្ព័ន្ធនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនត្រូវបានកែលម្អឥតឈប់ឈរ កម្លាំងចលករថ្មីត្រូវបានបញ្ចេញជាបន្តបន្ទាប់ដែលបានបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា ប្រការទាំងនេះក៏បានផ្តល់នូវបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅសង្កេតមើលពីសេដ្ឋកិច្ចចិនផងដែរ ។តាំងពីចូលឆ្នាំនេះមក ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព ហើយសេដ្ឋកិច្ចជាតិមានស្ថិរភាពជាទូទៅនិងឆ្ពោះទៅរកនិន្នាការដ៏ល្អប្រសើរ ។ ឆ្លងតាមរយៈបង្អួចនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន អ្នកផងទាំងពួងមិនពិបាករកឃើញថា សេដ្ឋកិច្ចចិនបានលេចចេញលក្ខណៈពិសេសលេចធ្លោចំនួន ៣ គឺ ស្ថិរភាព រីកចម្រើននិងភាពធន់ ។
ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយទីផ្សារមានពិពិធកម្ម ដូចជា ទីផ្សារអាស៊ាន សហភាពអឺរ៉ុប អាហ្វ្រិកនិងអាមេរិកឡាទីនជាដើមសុទ្ធតែសម្រេចបាននូវកំណើន ។ ព្រមពេលជាមួយគ្នានេះ ការកើនឡើងនៃទំហំនាំចេញនាំចូលរបស់សហគ្រាសឯកជននិងសហគ្រាសទុនបរទេសបានបង្ហាញថា កម្លាំងរស់រវើករបស់តួអង្គសេដ្ឋកិច្ចប្រកបអាជីវកម្មនៃប្រទេសចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយឋានៈរបស់ប្រទេសចិនដែលជា"យុថ្កាលំនឹង"ពាណិជ្ជកម្មសកលមានភាពកាន់តែរឹងមាំ ។
ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ រចនាសម្ព័ន្ធផលិតផលនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានកែលម្អជាបន្តបន្ទាប់ និន្នាការកំណើននៃកម្លាំងចលករថ្មីខាងការនាំចេញមានភាពល្អប្រសើរ ។ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកដែលបូករួមទាំង"ផលិតផលថ្មីទាំងបី"(ពោលគឺរថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV)និងនាវាបានកើនឡើង ៨,៨ ភាគរយ ។ បើមើលពីផ្នែកផ្គត់ផ្គង់អាចឃើញថា ស្របពេលដែលការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មបានពន្លឿនការរួមបញ្ចូលគ្នា កម្លាំងផលិតកម្មគុណភាពថ្មីដែលយកបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតងជាតំណាងទទួលបានការអភិវឌ្ឍដោយនឹងនរ ហើយឧស្សាហកម្មថ្មីនិងកម្លាំងចលករថ្មីកំពុងរំលេចចេញឥតឈប់ឈរ ។ បើមើលពីផ្នែកតម្រូវការអាចឃើញថា តាំងពីចូលឆ្នាំនេះមក តួនាទីជា"ក្បាលម៉ាស៊ីនដ៏សំខាន់"នៃការប្រើប្រាស់មានភាពកាន់តែលេចធ្លោ ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ៤,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលលឿនជាងឆ្នាំមុន ។
តាំងពីចូលឆ្នាំនេះមក កម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោក គឺ មិនគ្រប់គ្រាន់ទេ គាំពារនិយមផ្នែកពាណិជ្ជកម្មមានភាពកាន់តែខ្លាំងឡើង ។ ក្នុងបរិបទបែបនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះបានកើនឡើងផ្ទុយពីនិន្នាការណ៍ដែលបានក្លាយជាប្រភពកម្លាំងចលករដែលមានភាពនឹងនរជាងគេនិងអាចជឿទុកចិត្តជាងគេនៃកំណើនសេដ្ឋកិច្ចសកល ។ ពេលថ្មីៗនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។ ឧទាហរណ៍ដូចជាអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានដំឡើងការព្យាករណ៍ចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចចិនឱ្យឡើងដល់ ៥ ភាគរយដោយអះអាងថា នេះជាលើកទីបីហើយដែលបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំនេះ ។
ស្របពេលដែលដំណាច់ឆ្នាំនេះជិតចូលមកដល់ ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៤ជិតនឹងបញ្ចប់យ៉ាងគាប់ប្រសើរ ហើយផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ជិតនឹងចាប់ផ្តើម។ ដោយឡែកនៅថ្ងៃទី ៨ ខែធ្នូ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំដើម្បីធ្វើការវិភាគនិងសិក្សាស្រាវជ្រាវអំពីការងារសេដ្ឋកិច្ចឆ្នាំ ២០២៦ ក៏ដូចជាសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។
ពិភពលោករំពឹងទុកទទួលកាលានុវត្តភាពដែលផ្តល់ពីប្រទេសចិន ហើយក៏រំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះជាមួយប្រទេសចិនផងដែរ ៕

