បទវិភាគ៖ការដែលជប៉ុនបង្ករឿងនៅច្រកសមុទ្រតៃវ៉ាន់មុខជានឹងយកភ្លើងដុតខ្លួនឯងជាក់ជាមិនខាន
នាថ្ងៃទី ១៧ ខែមេសា នាវាពិឃាត " IKAZUCHI " របស់កងស្វ័យការពារលើសមុទ្រនៃប្រទេសជប៉ុនបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយបានចំណាយពេលវេលាជិត១៤ម៉ោង ។ ការនេះមិនមែនជាអ្វីដែលហៅថា “សេរីភាពនាវាចរណ៍ ” ទេ ផ្ទុយទៅវិញ ជាការបង្ករឿងដោយចេតនារបស់ជប៉ុនដែលបានល្មើសនឹងពាក្យសន្យារបស់ខ្លួនបន្ទាប់ពីបញ្ចប់សង្រ្គាមលោកលើកទីពីរ បំពានមូលដ្ឋាននយោបាយរបស់ទំនាក់ទំនងរវាងចិននិងជប៉ុន ក៏ដូចជាពន្លឿនជំរុញ “យោធានិយមបែបថ្មី”ផងដែរ ។ បន្ទាប់ពីលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើពាក្យសម្តីខុសឆ្គងពាក់ព័ន្ធដល់តៃវ៉ាន់ ទង្វើនេះបានលាតត្រដាងជាថ្មីម្តងទៀតថា កម្លាំងពួកស្តាំនិយមរបស់ជប៉ុន ប៉ុនប៉ងជ្រៀតជ្រែកកិច្ចការច្រកសមុទ្រតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងអាវុធ និងបំផ្លាញសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ។ កងទ័ពចិនបានចាត់ចំណាត់ការតាមផ្លូវច្បាប់ ហើយបានលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីជប៉ុន។
បន្ទាប់ពីលោកស្រី Sanae Takaichi បានឡើងកាន់មុខតំណែង ចាប់ពីនិយាយបញ្ឆិតបញ្ឆៀងអំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ដល់ពន្លឿនការដាក់ពង្រាយយោធានៅកោះដែលឋិតនៅភាគនិរតីនៃកោះតៃវ៉ាន់មានចម្ងាយតែជាង១០០គីឡូម៉ែត្រ ចាប់ពីទម្លាក់កម្រិតនៃទំនាក់ទំនងរវាងជប៉ុននិងចិនពី “ទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុត”មកនៅត្រឹម “ប្រទេសជិតខាងដ៏សំខាន់” ហើយបានចាត់ទុកស្ថានការណ៍ដ៏តានតឹងនៃច្រកសមុទ្រតៃវ៉ាន់ជាករណីផ្តោតសំខាន់ រហូតដល់លើកនេះ នាវាជប៉ុនបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងន័យបង្ករឿងដោយចេតនា ទង្វើជាបន្តបន្ទាប់ទាំងនេះបានបង្ហាញថា រដ្ឋាភិបាលជប៉ុនបានល្មើសនឹងពាក្យសន្យារបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវមូលដ្ឋាននយោបាយរបស់ទំនាក់ទំនងរវាងចិននិងជប៉ុន ហើយ “យោធានិយមបែបថ្មី” របស់ជប៉ុនបាននិងកំពុងស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ ។
ឆ្លងតាមរយៈធ្វើវិសោធនកម្មច្បាប់ការពារសនិ្តសុខជាដើម ជប៉ុនបានបំបែកសិទិ្ធស្វ័យការពារជាសមហូភាព ហើយបានប្រែមុខងាររបស់កងស្វ័យការពារពី “ស្វ័យការពារ” ទៅជាមាន“សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ” ការនេះបានបំផ្លាញជាប្រព័ន្ធនូវមូលដ្ឋានគ្រឹះរបស់ “ច្បាប់ធម្មនុញ្ញសន្តិភាព” រង្គោះរង្គើដល់ប្រព័ន្ធរបបសន្តិភាពដែលបានកំណត់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ហើយបានគំរាមកំហែងដល់សន្តិសុខអាស៊ីប៉ាស៊ីហ្វិកផងដែរ ។
ទាក់ទិននឹងករណីនេះ សហគមន៍អន្តរជាតិដែលបូករួមទាំងមជ្ឈដ្ឋានមតិក្នុងស្រុកជប៉ុនសុទ្ធតែបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លា ។ នៅថ្ងៃទី ១៩ ខែមេសា តាមម៉ោងក្នុងតំបន់ ប្រជាជនជប៉ុនចំនួនរាប់ម៉ឺននាក់បានរៀបចំការជួបជុំគ្នាទ្រង់ទ្រាយធំ ដើម្បីប្រឆាំងតវ៉ាចំពោះទង្វើពង្វាតយោធាដ៏មានគ្រោះថ្នាក់របស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ដែលបានជំរុញការលុបចោលការហាមឃាត់ចំពោះការនាំចេញអាវុធ និងធ្វើវិសោធនកម្ម“រដ្ឋធម្មនុញ្ញសន្តិភាព”ជាដើម ។ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ១៦ ខែមេសា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា ជប៉ុន ប៉ុនប៉ងផ្សព្វផ្សាយដោយចំហនូវពាក្យសម្តីគ្មានទីសំអាងទាល់តែសោះស្តីពីអ្វីដៅហៅថា “គំរាមកំហែង”របស់រុស្ស៊ីនិងប្រទេសជិតខាងផ្សេងទៀត ក្នុងន័យដោះសាពីវិធានការមានលក្ខណៈឈ្លានពានរបស់ខ្លួន ដូចជាពន្លឿនការធ្វើ“យោធូបនីយកម្មឡើងវិញ”ជាដើម ទង្វើទាំងនេះបានបង្កជា “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ”ដល់ស្ថិរភាពនិងវិបុលភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ជាង៨០ឆ្នាំមុន យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាន ហើយបាននាំមកនូវទុក្ខវេទនាដល់ប្រជាជននៃបណ្តាប្រទេសអាស៊ីនានា ។ បច្ចុប្បន្ននេះ “យោធានិយមបែបថ្មី” របស់ជប៉ុនបានដើរផ្លូវចាស់ទៅវិញ ជាការពិតគឺជាផ្លូវទាល់ដែលធ្វើខុសម្តងទៀត។ ប្រឈមនឹងការគំរាមកំហែងជាក់ស្តែងនេះ សហគមន៍អន្តរជាតិនឹងមិនឱបដៃឈរមើលនិងបណ្តែតបណ្តោយនោះទេ ។ ព្រមពេលជាមួយគ្នានេះ ភាគីជប៉ុនក៏ចាំបាច់ត្រូវយល់ដឹងថា ៖ការបង្ករឿងនៅច្រកសមុទ្រតៃវ៉ាន់ គឺបង្ករឿងដល់ខ្លួនឯង ហើយមុខជានឹងយកភ្លើងដុតខ្លួនឯងជាក់ជាមិនខាន ៕

