ពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រៀបចំឡើងយ៉ាងឱឡារិក នៅកម្ពុជា
ពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំធ្វើឡើង នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងពិធីនេះ។
ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, ស្ថាប័នជាតិសំខាន់ៗ និង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ យ៉ាងច្រើងកុះករ។
ឯកឧត្តម Wang Wenbin មានប្រសាសន៍ថា ចិននិងកម្ពុជាគឺជាមិត្តភក្តិដ៏ពិតប្រាកដ និងជាដៃគូដ៏ល្អ ដែលបានរួមសុខទុក្ខជាមួយគ្នា និង ជឿទុកចិត្តគ្នា ទៅវិញទៅមក ហើយ ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ និងយូរអង្វែង។
ប្រទេសទាំងពីរបានផ្តល់ការគាំទ្រយ៉ាងមុតមាំ ដល់គ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ចិន-អាស៊ាន ជាដើម ព្រមទាំង បានជំរុញយ៉ាងសកម្មនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។
ឯកឧត្តម Wang Wenbin បានបញ្ជាក់ផងដែរថា ក្រៅពីការអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន, ឆ្នាំ២០២៦នេះ ក៏ជាខួបអនុស្សាវរីយ៍ លើកទី១០៥ នៃការបង្កើតគណបក្សកម្មុយនីស្តចិនផងដែរ។ ក្នុងរយៈពេល១០៥ឆ្នាំ កន្លងមកនេះ គណបក្សនៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលបំណង និងបេសកកម្មដើមរបស់ខ្លួន ស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិន និងស្តារឡើងវិញ នូវភាពរុងរឿងរបស់ប្រជាជាតិចិន រួបរួមដឹកនាំប្រជាជន ក្នុងការត្រួសត្រាយផ្លូវដ៏ត្រឹមត្រូវ ឆ្ពោះទៅសម្រេចបានការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជនចិនឡើងវិញ និងបង្កើតបាននូវអច្ឆរិយៈ ២ធំៗ គឺកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមរយៈពេលវែង។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនូវការកោតសរសើរដល់ប្រទេសចិន ដែលបានពុះពាររាល់បញ្ហាប្រឈមដ៏ស្មុគស្មាញ ក្នុងដំណើរការកសាងប្រទេស និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង ការច្នៃប្រឌិត ព្រមទាំង បានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចតំបន់ និងសកលលោក។
ឯកឧត្តមមានជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយថាមវន្តរបស់បក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តមប្រធានាធិបតី Xi Jinping ជាស្នូល ប្រទេសចិននឹងបន្តសម្រេចផែនការ ៥ ឆ្នាំ និងឈានទៅសម្រេចគោលដៅ ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដោយប្រែប្រួលទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។
បើតាមឯកឧត្តម, រយៈពេលជាង ៧ទសវត្សរ៍ កន្លងមកនេះ ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានបន្តពូនជ្រុំដោយយកចិត្តទុកដាក់ខ្ពស់បំផុត ពីថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ រហូតមានការរីកចម្រើនឥតឈប់ឈរ ក្លាយជាមិត្តដែកថែប និង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ប្រទេសទាំងពីរតែងតែគាំទ្រផលប្រយោជន៍ស្នូល, អធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ ប្រទេសចិននៅតែបន្តគាំទ្រយ៉ាងរឹងមាំចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ហើយកម្ពុជាបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយចិនមួយ។
ឯកឧត្តម ក៏សូមកោតសរសើរចំពោះតួនាទីរបស់មិត្តចិន ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ កម្ពុជាបន្តគាំទ្រយ៉ាងមុតមាំ ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមសកលនានា ដែលដាក់ចេញដោយ ឯកឧត្តម Xi Jinping រួមមាន គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌ និង អភិបាលកិច្ច។
ផ្អែកលើគ្រឹះរឹងមាំនៃមិត្តភាពដែកថែប និងទំនុកចិត្តទៅវិញទៅមក, កម្ពុជានិងចិននឹងបន្តរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ ជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ និង សម្រាប់សន្តិភាព ស្ថិរភាព ព្រមទាំង វិបុលភាពក្នុងតំបន់ និងសកលលោក។
ឯកឧត្តម ប្រាក់ សុខុន សូមជូនពរដល់សាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ទទួលបានជោគជ័យកាន់តែច្រើនថែមទៀត នឹងបន្តមានភាពរីកចម្រើន និង វិបុលភាព៕












