កាលពីថ្ងៃទី ១៦ ខែកញ្ញា ព្រែកជីក Pinglu ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយខ្សែផ្លូវដឹកជញ្ជូនពាណិជ្ជកម្មបរទេសតាមទន្លេនិងសមុទ្រដោយផ្ទាល់ “ពីកំពង់ផែណាននីងដល់កំពង់ផែCan Thoរបស់វៀតណាម” ក៏បានធ្វើនាវាចរណ៍ជាលើកដំបូងក្នុងពេលដំណាលគ្នាផងដែរ ដោយទំនិញក្រុមដំបូងបានចេញដំណើរពីកំពង់ផែណាននីង ឆ្លងកាត់ព្រែកជីក Pingluចូលទៅឈូងសមុទ្រBeibu និងឆ្ពោះទៅកាន់អាស៊ាន ។ទំនិញតាំងពិព័រណ៍បានឆ្លងកាត់សមុទ្រមក ហើយនាវាដឹកទំនិញធ្វើដំណើរតាមទន្លេចាកចេញ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរថ្មីនៃការតភ្ជាប់គ្នារវាងចិននិងអាស៊ាន ។
ផ្លូវថ្មីនេះទាក់ទាញក្រសែភ្នែករបស់ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃអាស៊ាន ។ លោកស្រី Siwadee Suksawate ប្រធានការិយាល័យក្រុងក្វាងចូវនៃគណៈកម្មាធិការជំរុញការវិនិយោគថៃបានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ព្រែកជីក Pinglu នឹងធ្វើឱ្យផ្លូវដឹកជញ្ជូនភស្តុភារកម្មថៃ-ចិនមានភាពកាន់តែរលូន និងជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងភាគីទាំងពីរ ។
ផ្លូវថ្មីតភ្ជាប់ភ្នំនិងសមុទ្រ ហើយក៏តភ្ជាប់ទីផ្សារដែលកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃ
ទៅមួយថ្ងៃផងដែរ ។ នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានលើសពី ១ ទ្រីលានដុល្លារអាមេរិកជាលើកដំបូង ។ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ានក្នុងរយៈពេល ១៧ ឆ្នាំកន្លងទៅជាប់ៗគ្នា ហើយអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិនក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានបានឡើងដល់ ៧៤៤,៤១ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២៤,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ទន្ទឹមនឹងបណ្តាញគមនាគមន៍កាន់តែញឹក និងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែញឹកញាប់ ការតភ្ជាប់គ្នារវាងចិននិងអាស៊ានក៏កំពុងពង្រីកទៅកាន់ស្រទាប់កាន់តែស៊ីជម្រៅ ពោលគឺពីការតភ្ជាប់ខាងផ្លូវទៅរកការតភ្ជាប់ខាងក្បួនច្បាប់ ។ បណ្តាញតភ្ជាប់គ្នាដែលកាន់តែជិតស្និទ្ធិរវាងចិននិងអាស៊ានកំពុងពង្រឹងនិងពង្រីកលំហថ្មីនៃការបើកទូលាយ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ៕


