សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលកំពុងកើនឡើងឥតឈប់ឈរបានឆ្លុះបញ្ចាំងពីភាពរស់រវើកខាងច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ខណៈដែលឥទ្ធិពលនៃការច្នៃប្រឌិតថ្មីរបស់ចិននៅលើពិភពលោកក៏បានកើនឡើងជាបន្តបន្ទាប់ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងកិច្ចហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសនិងតំបន់ចំនួនជាង ១៦០ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តររដ្ឋាភិបាលចំនួន ១២០ និងបានចូលរួមអង្គការអន្តរជាតិនិងយន្តការពហុភាគីចំនួនជាង ២០០។ គម្រោងវិទ្យាសាស្ត្រអន្តរជាតិខ្នាតធំដែលផ្តួចផ្តើមឡើងដោយប្រទេសចិន ដូចជា "ផែនដីឌីជីថលក្នុងពេលវេលាជ្រៅ" "ការបំភាយអវិជ្ជមានក្នុងមហាសមុទ្រ" និង "ការរុករកប្រូតេអ៊ីនរបស់មនុស្ស" កំពុងដំណើរការដោយស្ថិរភាព។ ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល ប្រទេសចិនបាននិងកំពុងពន្លឿនក្លាយពីអ្នកចូលរួមនិងអ្នករួមចំណែក ទៅជាអ្នកត្រួសត្រាយនិងអ្នកនាំផ្លូវ ហើយបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលលើកកម្ពស់សមត្ថភាពនវានុវត្តន៍លឿនបំផុត ។
ក្នុងបរិបទគាំពារនិយមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានងើបឡើងវិញនៅលើពិភពលោក ប្រទេសចិនបានប្រកាន់ខ្ជាប់ជំរុញភាពបើកចំហនៃឧបករណ៍វិទ្យាសាស្ត្រទ្រង់ទ្រាយធំនៅទូទាំងពិភពលោក ហើយប្រឆាំងនឹងការបង្កើត "របាំងនិងជញ្ជាំងខ្ពស់" លើវិស័យបច្ចេកវិទ្យា ដើម្បីជំរុញឱ្យអភិបាលកិច្ចការច្នៃប្រឌិតថ្មីសកលឆ្ពោះទៅរកទិសដៅកាន់តែបើកចំហនិងបរិយាបន្ន ។ ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ គឺជាផែនការគោលសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនផង ហើយក៏ជាបញ្ជីឈ្មោះសហប្រតិបតិ្តការជាមួយពិភពលោកផងដែរ ។ នៅលើផ្លូវឆ្ពោះទៅរកសម្រេចបាននូវគោលដៅទំនើបកម្ម ជានិច្ចកាល ប្រទេសចិនតែងតែត្រដាងដៃទាំងសងខាង និងចែករំលែកកាលានុវត្តភាព ដើម្បីរួមសហការជាមួយបណ្តាប្រទេសនានា បង្កើតអនាគតដ៏ល្អប្រសើរប្រកបដោយវឌ្ឍនភាព និងវិបុលភាព ៕

